~*~ គុន​ខ្មែរ Khmer Kickboxing ~*~
បង្ហាញ​តែ​អំពី​ក្បាច់គុន​បុរាណ​ខ្មែរ

- ជួប​ជាមួយ​គ្រូ​គុន​ល្បុក្កតោ ក្បាច់​បុរាណ​ខ្មែរ

sok24_05_3.jpg

លោកគ្រូ​ មាស សុខ​ បង្ហាញ​ក្បាច់គុន​ និង​ ការ​បង្ហាញ​ក្បាច់ល្បុក្កតោ​ នៅ​លើ​ឆាក​ទូរទស្សន៍

រាជធានី ភ្នំពេញ​ ៖​ លោក​ មាស​ សុខ​ ដែល​បច្ចុប្បន្ន​រស់នៅ​ខេត្ដកំពត​ ធ្លាប់​ត្រូវ​បាន​កោះសន្ដិភាព​ ធ្វើការ​ផ្សព្វផ្សាយ​កន្លង​មក​ពី​ការ​បើក​កកាយ​នូវ​ស្នៀតគុន​ល្បុក្កតោ​ ខ្មែរ​ ដើម្បី​ធ្វើការ​អភិរក្ស​ឡើង​វិញ​ តាម​ រយៈ​ការ​បង្ហាត់បង្រៀន​ដល់​សិស្សគណ​របស់​លោក​។​ ការ​រីក​ធំធាត់​នៃ​សាលា​គុន​របស់​លោក​ ក៏​បាន​ឈាន​ ដល់​ការ​បង្កើត​សមាគម​យុទ្ធ​គុន​ល្បុក្កតោ​ ដែល​សមាគម​នេះ​ក៏​បាន​រៀបចំ​ជា​សង្វៀន​ប្រកួត​ក្បាច់គុន​ខ្មែរ​ បុរាណ​មួយ​ឈុត​ កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ​ ។​ លោក​មាស​ សុខ​ ក៏​តែងតែ​អំពាវនាវ​តាម​ រយៈ​កោះសន្ដិភាព​សុំ​ដល់​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ផ្ដល់​ជា​ថវិកា​សំរាប់​លោក​រៀបចំ​ថត​ទុកជា​ឯកសារ​ នូវ​រាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ ដែល​លោក​ចេះ​ចាំ​ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​រក្សា​ទុកជា​ឯកសារ​បន្ដ​ កុំឱ្យ​ បាត់បង់​។​ តាម​រយៈ​នៃ​ការ​អំពាវនាវ​របស់​លោក​ កម្មវិធី​ “ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​” នៃ​ស្ថានីយ​ ទូរទស្សន៍​បាយ័ន​ បាន​អញ្ជើញលោក​មាស​ សុខ​ នាំ​យក​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​ នៃ​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ នៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ មក​សំដែង​តាម​កញ្ចក់​ ទូរទស្សន៍​ ។

លោក ស៊ូ​ ចំរើន​ ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​ “ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​” បានឱ្យ​ដឹង​ថា​ ការ​ដែល​កម្មវិធី​ “ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​” លើកយក​ក្រុម​គ្រូ​គុន​ក្បាច់ល្បុក្កតោ​ មក​សំដែង​បង្ហាញ​ក្បាច់គុន​នេះ​ គឺ​ចង់ឱ្យ​ កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បានដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​គឺជា​របស់​ខ្មែរ​ពិតៗ​ ហើយ​សព្វថ្ងៃ​កំពុង​តែ​ អភិរក្ស​ទៀត​ផង​។​ បើ​តាម​លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ចេះ​ តម​ក​ពី​ជីតា​និង​ឪពុក​របស់​លោកគ្រូ​ដែល​ជា​អ្នក​បង្ហាត់បង្រៀន​ តាំងពី​លោកគ្រូ​មាន​អាយុ​១៣​ឆ្នាំ​ មក​ម្ល៉េះ​។​ លោកគ្រូ​គុន​ក្បាច់ល្បុក្កតោ​មាស​ សុខ​ ដែល​ពេល​នេះ​មាន​អាយុ​៦៣​ឆ្នាំ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ម្ដាយ​ របស់​លោកគ្រូ​ និយាយ​ប្រាប់​គឺ​ក្បាច់គុន​នេះ​ចេះ​តាំងពី​ជំនាន់​ជីតា​ទួត​របស់​លោកគ្រូ​មក ម្ល៉េះ​ ហើយ​មិន​ ត្រឹមតែ​ក្បាច់គុន​នេះ​ទេ​ គឺ​ថែម​ទាំង​ធ្លាប់​មាន​សាច់​គង់​កាប់​មិន​មុត​ទៀត​ផង​(ផឹកថ្នាំ​គង់​)។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ក្រៅពី​ចេះ​ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ក៏​ចេះ​ក្បាច់​គុនដំបង​ខ្លី​ ដំបង​វែង​ និង​ គុន​ដាវ​ផង​ដែរ​ ។

sok24_05.jpg

ការ​បង្ហាញ​ក្បាច់ល្បុក្កតោ

ក្បាច់គុន ល្បុក្កតោ​ គេ​អាច​បំបែក​ជា​ស្នៀត​រាប់រយ​ស្នៀត​ទៀត​ឯណោះ​ ។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ចំពោះ​ក្បាច់គុន​ដៃ​ដំបូង​យើង​ត្រូវ​ចាប់ផ្ដើម​ហាត់​ពី​ស្នៀត​មេ​ស្រប​ មេ​ខ្វែង​ ពី​មេ​២​ដល់​មេ​៤​ រួច​បំបែក​ ស្នៀត​ជើង​ ស្នៀត​ដៃ​ វាយលុក​ ដកថយ​ជាដើម​ ។​ លោកគ្រូ​មាស​ សុខ​ ក៏​បាន​រៀបរាប់​ជីវប្រវត្ដិ​ដោយ​ សង្ខេប​ ហើយ​បាន​បង្ហាញ​ក្បាច់គុន​ដៃ​ ដំបង​ខ្លី​ វែង​ និង​ដាវ​ជាមួយ​សិស្ស​ជា​ច្រើន​នាក់​ នៅ​ក្នុង​កម្មវិធី​ “ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​ ” ដែល​នឹង​ចាក់​ផ្សាយ​រៀល​រាល់ថ្ងៃ​សុក្រ​វេលា​ម៉ោង​១០​ព្រឹក​ផង​ដែរ​។

sok24_05_1.jpg

សិស្ស​សមាគម​យុទ្ធ​គុន​ល្បុក្កតោ​បង្ហាញ​ក្បាច់​ជង្គង់​ហោះ

លោក មាស​ សុខ​ កើត​នៅ​ភូមិ​សំដី​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​រៀង​ ខេត្ដស្វាយរៀង​ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ ដែល​មា​នទី​តាំងនៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ ។​ ចំពោះ​ សំណួរ​ដែល​សួរ​ថា​ តើ​តាំងពី​ដឹងក្ដី​មក​នៅ​ក្នុង​សង្គម​គ្រួសារ​លោកគ្រូ​ មាន​នរណា​ចេះ​គុន​ដែរ​ឬទេ​? លោកគ្រូ​ឆ្លើយ​ថា​ បើ​តាម​ម្ដាយ​គាត់​ធ្លាប់​និយាយ​ប្រាប់​គឺ​ជីតា​ទួត​ ឈ្មោះ​ឧកញ៉ា​ចក្រី​ វាំង​ហ៊រ​ ផ្ទះ​នៅ​ ស្ពាន​កូនកាត់​ត្រង់​ម្ដុំ​វិមាន​ឯករាជ្យ​ លោក​ចេះ​វិជ្ជា​គុន​យ៉ាង​ស្ទាត់ជំនាញ​។​ ចំណែក​ជីតា​ខាង​ឪពុក​ឈ្មោះ​ មាស​ ប៉ា​ង​ ជា​គ្រូ​គុន​ ឯ​ជីដូន​របស់​គាត់​ក៏​ធ្លាប់​ត្រូវ​លោកតា​ប៉ា​ង​ ដក​ពិសោធន៍​ ដោយ​លប​វាយ​នឹង​ដំបង​ ពីក្រោយ​ខ្នង​ ពេល​លោកយាយ​កំពុង​បុក​គ្រឿង​ ប៉ុន្ដែ​គាត់​រហ័ស​ណាស់​លើក​អង្រែ​ឡើង​រង​ជាប់​ ។​ ឪពុក​ របស់​លោកគ្រូ​ឈ្មោះ​ មាស​ ផុ​ន​ និង​បងប្អូន​បង្កើត​ប្រុសៗ​របស់​លោកគ្រូ​ទាំងអស់​សុទ្ធតែ​ចេះ​ក្បាច់គុន​ ហើយ​ថែម​ទាំង​ចេះ​លេងភ្លេង​ប្រពៃណី​ទៀត​ផង​។​ ឪពុក​លោក​ខ្លាំងពូកែ​ខាង​គុន​ដៃ​ ហើយ​គាត់​មាន​ ស្បែក​គង់​ស្វិត​ថែម​ទៀត​ផង​ កាល​លោកគ្រូ​អាយុ​ជាង​១០​ឆ្នាំ​ ធ្លាប់​ឃើញ​គ្រូ​មក​ប្រសិទ្ធី​ រួច​កាប់​ឪពុក​ លោកគ្រូ​នឹង​ដាវ​មុខ​សស្ងាច​ តែ​មិន​មុត​ គ្រាន់តែ​មាន​ស្នាម​កន្ទួលៗ​ប៉ុណ្ណោះ​ ។​

sok24_05_2.jpg

លោកគ្រូ​ មាស​ សុខ​ ឈរ​គុនដំបង​រូប​កណ្ដាល​ខាងក្រោយ

លោកគ្រូ មាស​ សុខ​ បាននិយាយ​រៀបរាប់​ទៀត​ថា​ ពេល​លោកគ្រូ​អាយុ​១៣​ឆ្នាំ​ ទាំង​ជីតា​ ទាំង​ឪពុក​ បង្ខំ​ឱ្យ​រៀន​ក្បាច់គុន​ តែ​កាល​ណោះ​លោកគ្រូ​ដូច​ជា​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ ។​ ទន្ទឹម​នឹង​ទៅ​រៀន​នៅ​ សាលា​ចំណេះ​ទូទៅ​ តាម​ធម្មតា​ជីតា​និង​ឪពុក​បាន​ឆ្លៀត​ឱ្យ​លោកគ្រូ​រៀន​គុន​ដៃ​ ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ ពេល​ព្រឹក​ រួច​ហាត់គុន​ដំបង​វែង​នៅ​ពេល​យប់​ខែភ្លឺ​ គឺ​ចាប់ផ្ដើម​ពី​មេ​ស្របមេ​ខ្វែងមេ​ពីរ​ មេ​បួន​ រួច​បំបែក​ស្នៀត​ មាន​ស្នៀត​ដៃ​ ស្នៀត​ជើង​ វាយលុក​ ដកថយ​ជាដើម​ ។​ មុន​ដំបូង​ត្រូវ​ហាត់​បង្វិល​ដំបង​ដែល​ ពាក្យ​បច្ចេកទេស​ហៅ​ថា​ ហុងដំបង​ឱ្យ​បាន​ថ្នឹក​ជា​បង្គួរ​សិន​។​ ក្រោយមក​ត្រូវ​ចាប់​រៀន​វាយ​មេ​ មាន​មេ​ សើយលាត់​ មេ​ផាត់​ ប្រមូល​វាយ​ចំពាក់​កណ្ដាល​ខ្លួន​ មេ​រះ​ ផ្កាស្វាយ​ វាយ​បង្វិល​ពីលើ​ក្បាល​ មេ​ទូក​បាក់​ មេ​ឆៀង​កណ្ដៀត​ មេក្របី​ព័ទ្ធ​ស្នឹង​ ព្យុះ​កួច​កន្ដ្រើយ​។​ល​។​ ទោះជា​យ៉ាងណា​ មេ​ធំៗ​មាន​តែ​៣​មេ​ទេ​ ដែល​ បើ​និយាយ​ឱ្យ​ងាយ​ស្ដាប់​គឺ​វាយ​ជើង​ក្រោម​ ចំពាក់​កណ្ដាល​ខ្លួន​ និង​ក្បាល​។

លោក​មាស​ សុខ​ បាន​រៀបរាប់​បន្ដ​ទៀត​ថា​ កាល​នៅ​ឯ​ស្រុក​គាត់​រៀន​ក្បាច់គុន​រហូត​ និង​មក​ឈប់​ត្រឹម​ ឆ្នាំ​១៩៦៣​ ពេល​ប្រលង​ជាប់​ចូល​រៀន​នៅ​សាលា​កសិកម្ម​ព្រែក​លៀប​ជំនាន់​ទី​១​ផ្នែក​នេសាទ ហើយ​ឆ្នាំ​ ១៩៦៨​ ពេល​ចេញ​ទៅ​បំរើ​ការងារ​នៅ​មន្ទីរ​នេសាទ​ ខេត្ដកំពត​ លោក​ក៏​ហាក់ដូចជា​មានការ​ចាប់អារម្មណ៍​ ខ្លាំង​ នឹង​រឿង​ក្បាច់គុន​តែ​ម្ដង​។​ លោក​បាន​រំលឹក​ទៅ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជំនាន់​នោះ​ថា​ កាលនោះ​ លោក​បាន​ប្រមូល​គ្រូ​ចាស់ៗ​ខាង​ក្បាច់គុន​ល្បុក្កតោ​ មាន​គុន​ដៃ​ ចំបាប់​ គុនដំបង​ខ្លី​ ដំបង​វែង​ ប្រកួត​បង្ហាញ​ របៀប​សមយុទ្ធ​ជូន​ទស្សនិកជន​ ដោយ​ចូលរួម​ជាមួយនឹង​ល្បែង​ប្រជាប្រិយ​ នៅ​មណ្ឌល​កីឡដ្ឋាន​ខេត្ដកំពត​ និង​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច​ ។​ ឯការ​រៀបចំ​ ភាគច្រើន​ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ហើយ​លោក​បាន​ចាត់​ឱ្យ​មានកម្ម​វិធី​នេះ​រហូត​ដល់​ឆ្នាំ​១៩៧៥​តែ​ម្ដង​ គឺ​ក្នុង​គោល​ បំណង​ទាក់ទាញ​ស្រាវជ្រាវ​រក​គ្រូ​គុន​ពូកែៗ​មក​ចងក្រង​ធ្វើ​ជា​ឯកសារ​ ដែល​ជំនាន់​នោះ​ប្រមែប្រមូល​គ្រូៗ​ ជា​ ឯកសារ​រស់​បាន​ជិត​៥០​នាក់​ ។

លោក បាន​រំលឹក​ថា​ នៅ​ឆ្នាំ​១៩៧០​ លោក​បាន​បើក​ផលិតកម្ម​ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ នៅ​ខេត្ដកំពត​ ដោយ​ចាប់​ថត​រឿង​ “ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​” ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ និង​បាន​ដាក់​បញ្ចាំង​ នៅ​ចុងឆ្នាំ​១៩៧២​ នៅរោង​ភាពយន្ដ​អេ​ដែន​ផ្សារ​ចាស់​ និង​រោង​ភាពយន្ដ​ចេ​ន​ឡា​ផ្សារ​ដើម​គ​ ។​ ផលិតកម្ម​ ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ គឺ​លោក​ជា​ចាងហ្វាង​ ផលិតកម្ម​ និពន្ធ​ និង​ដឹកនាំ​រឿង​ខ្លួនឯង​ ហើយ​កាល​ណោះ​ ដោយសារ​នៅ​លីវ​ផង​ បើ​ពេល​ណា​ទំនេរ​គឺ​គិតតែ​ពី​ចង់​ហាត់​ក្បាច់គុន​ប៉ុណ្ណោះ​ ។​ ពេល​ដាក់​បញ្ចាំង​រឿង​ “ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​” ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ផង​នោះ​ គឺ​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ ហួស​ពី​ ការ​ស្មាន​ដែល​ធ្វើ​ឱ្យ​លោក​មាន​លទ្ធភាព​អាច​ថត​បន្ដ​ម្ដង​៣​រឿង​តែ​ម្ដង​ គឺ​រឿង​ភ្នំ​ សន្ធប់​ព្រលឹង​ម៉ែ​ភាគ​២​ សន្ទុះ​សិល្ប៍ភុជង្គនាគ​ និង​សាក់​ស្បៃ​ស្រី​អាំ​ ដែល​ថត​បាន​ជាង​ពាក់កណ្ដាល​ហើយ​ ក៏​បែក​ព្រឹត្ដិការណ៍​១៧​ មេ​សា​ ១៩៧៥​ទៅ​ ។

បន្ទាប់​ពី​ជីវិត​ទី​ ២​ត្រូវ​បាន​ចាប់កំណើត​សា​ជា​ថ្មី​ក្រោយ​ទិវា​ជ័យ​ជំនះ​៧​មក​រា​ ១៩៧៩​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ១៩៨០​ លោក​ចូល​បំរើ​ការងារ​ជា​ប្រធាន​សិល្បៈ​នៅ​មន្ទីរ​ឃោសនាការ​ខេត្ដស្វាយរៀង​ ដោយ​មាន​ភារកិច្ច​ដឹកនាំ​រឿង​ល្ខោនបាសាក់​ និង​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​ជាដើម​ ។​ ពេល​នោះ​លោកគ្រូ​ នៅ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ក្បាច់គុន​ល្បុក្កតោ​ដដែល​ ហើយ​ឆ្លៀតពេល​មហោស្រព​ប្រលង​សិល្បៈ​ ទូ​ទាំង​ ខេត្ដ​ លោក​តែង​បាន​ដាក់​បញ្ចូល​ការ​បង្ហាញ​ក្បាច់គុន​ផង​ដែរ​ ។​ លុះ​នៅ​ឆ្នាំ​១៩៩០​ លោក​លាឈប់​ពី​ការងារ​ មក​រស់នៅ​ក្នុង​ខេត្ដកំពត​ ដោយ​មាន​បំណង​ស្រាវជ្រាវ​ក្បាច់គុន​ល្បុក្កតោ​ជា​បន្ដ​ទៀត​រហូត​បង្កើត​ បានជា​ សមាគម​នៅ​ក្នុង​ឆ្នាំ​២០០០​ ។​ នៅ​ឆ្នាំ​២០០៤-២០០៥​ លោក​បាន​នាំ​គ្រូ​៦​នាក់​មក​សំដែង​ក្បាច់គុន​ ក្នុង​ កម្មវិធី​យុទ្ធ​សិល្ប៍​អន្ដរជាតិ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ ក្នុង​កំរិត​ខ្សែក្រវាត់​ ខ្មៅ​៦​ជាន់ឡើង​ទៅ​មក​ពី​៣០​ប្រទេស​ ។
ទាក់ទិន​នឹង​សមាគម​របស់​លោក​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​កំពុង​ចងក្រង​ សៀវភៅ​ឯកសារ​រូបភាព​ “មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​” និង​ត្រៀម​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ សំរាប់​ថត​ វី​ដេ​អូ​មាន​ចំនួន​ជិត​២.០០០​ក្បាច់​ហើយ​​៕

One Response to “- ជួប​ជាមួយ​គ្រូ​គុន​ល្បុក្កតោ ក្បាច់​បុរាណ​ខ្មែរ”

  1. ជំរាបសួរលោកគ្រូ!
    ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានលឺឈ្មោះក្បាច់គុនខ្មែរល្បុក្កតោម្ដង​ទៀត ។​តាមការស្រាវជ្រាវកន្លងមកក្បាច់គុននេះត្រូវបានបាត់​ឈ្មោះជាង៣ទស្សវត្សន៏មកហើយ ដូច្មេះពេលលឺឈ្មោះដ៏ពិសិដ្ធ​នេះម្ដងទៀតខ្ញុំរីករាយជាអាណែក​ព្រមទាំងចង់ប្រើប្រាស់ក្បាច់​នេះដើម្បីផ្សព្វផ្សាយឲ្យកាន់តែល្បី កុំឲ្យបរទេសយក​និងយល់​ច្រលំថាជារបស់សៀម ។
    សូមអរគុណ!


Leave a Reply